ឯកឧត្តម សាយ សំអាល់ ៖ រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យប្រទេសជាតិមានការរីក ចម្រើនឥតឈប់ឈរលើគ្រប់វិស័យ គួរជាទីមោទនៈ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជាបាន បើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី ៥ឆ្នាំ២០២២ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។

លោក អ៊ី សុខឡេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ បានមានប្រសាសន៍ថាថ្ងៃនេះជាថ្ងៃដ៏នក្ខត្តឫក្ស និងជាប្រវត្តិសាស្ត្រដែលគណបក្សប្រជាជនកម្ពុជាក្រុង ព្រះសីហនុបានរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅទីលានសម្ដេចតេជោ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាយ សំអាល់ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះសីហនុ។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោត គឺជាសក្ខីភាពបញ្ជាក់ឱ្យយើងឃើញយ៉ាងច្បាស់នូវការ ប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា និងបាននាំមកនូវសិទ្ធិសេរីភាពពេញលេញទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ដោយមិនប្រកាន់រើសអើងជាតិសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និន្នាការនយោបាយ សំដៅកសាងសង្គមកម្ពុជាឱ្យមានភាពសុខដុម តាមគន្លងនីតិរដ្ឋ។

ឯកឧត្តមប្រធានក្រុមការងារ គណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ដែលបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានដាក់ចេញនូវផែនការរួម និងបង្កើតគណៈកម្មការដឹកនាំ និងអនុគណៈកម្មការផ្សេងៗ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កន្លងមក ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សយើងបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋដល់មូលដ្ឋានយ៉ាងសកម្មលើគ្រប់វិស័យជាប់ជាប្រចាំ។ ដូច្នេះ យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃនេះ គឺជាឱកាសដ៏ប្រព្រៃសម្រាប់បងប្អូនយើងជាសកម្មជន និងឃោសនិកនៅតាមមូលដ្ឋាន ក្នុងការផ្សព្វផ្សាយ និងបញ្ជាក់ឱ្យកាន់តែច្បាស់អំពីសមិទ្ធផល ការប្តេជ្ញាចិត្ត និងទិសដៅការងារ ដែលយើងត្រូវបន្តអនុវត្តស្រប តាមកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញទូទាំងប្រទេស។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី រដ្ឋាភិបាលតែមួយ ប្រព័ន្ធតុលាការតែមួយ ក្រោមអធិបតេយ្យជាតិ ដែលមានបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំមកនេះ៕