ឯកឧត្តម ស សុខា ៖ ការប្រកួតបាល់ទាត់នេះ ជួយឲ្យមានសាមគ្គីជាតិ និងជាចលករនាំឲ្យកីឡាជាតិរីកចម្រើន

ឯកឧត្តម ស សុខា ៖ ការប្រកួតបាល់ទាត់នេះ ជួយឲ្យមានសាមគ្គីជាតិ និងជាចលករនាំឲ្យកីឡាជាតិរីកចម្រើន

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានថ្លែងថា ៖ “ខ្ញុំសង្ឃឹមថាតាមរយៈការប្រកួតបាល់ទាត់នៅពេលនេះ នឹងធ្វើឱ្យប្អូនៗ ក្មួយៗបានស្គាល់គ្នា ហើយចេះរាប់អានគ្នា បង្កើនមិត្តភាព សាមគ្គីភាព ដែលជាស្ពានមួយជួយឱ្យមានសាមគ្គីជាតិ និងជាចលករនាំឱ្យកីឡាជាតិយើង កាន់តែមានការរីកចម្រើនបន្តបន្ទាប់”។

ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីនៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ U19 ពានរង្វាន់ឯកឧត្តម ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានរម្លឹកជូនអង្គពិធីទាំងមូលដែរថា បើគ្មានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស គ្មាននយោបាយដឹកនាំប្រទេសច្បាស់លាស់នោះ យើងមិនមានពេលជួបជុំគ្នា ហើយក៏មិនមានឱកាសបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដូចថ្ងៃនេះដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានស្នើដល់អង្គពិធីទាំងមូល ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ចូលរួមអបអរសាទររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំផ្សេងទៀត ក្នុងការរួមគ្នាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កន្លងទៅថ្មីៗនេះ ដោយជោគជ័យ និងត្រូវបានទទួលស្គាល់ជាសាកលពីសហព័ន្ធកីឡាតំបន់ សហព័ន្ធទ្វីប និងគណៈកម្មាធិការអូឡាំពិកអន្តជាតិ ព្រមទាំងបានផ្តល់ជូននូវគ្រឿងឥស្សរិយយសដល់ប្រមុខរាជរដ្ឋាភិបាលយើង ក្នុងឱកាសពិធីបើកស៊ីហ្គេមផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តម ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៣ នេះ រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ដែលមានឯកឧត្តមបណ្ឌិត ងិន បាណាល់ ជាប្រធាន និងដោយមានការចូលរួមប្រកួតពីសំណាក់សិស្សានុសិស្ស យុវជន ទាំង ១៣ស្រុក ក្រុង នៃខេត្តព្រៃវែង៕